សុខ ចាន់ Friday, 17 February 2017 669 views

រដ្ឋាភិបាលសម្រេច​​បញ្ឈប់​ការ​ផ្សាយ​ឃោសនា​កញ្ចប់​ប្តូរលុយ​​ក្រុមហ៊ុន​ទូរស័ព្ទ​

ភ្នំពេញ៖ (ខ្មែរថាមស៍) ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​ចេញ​សេចក្តី​ណែនាំ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ ទៅ​ដល់​ប្រតិបត្តិ​ករ​ផ្តល់ សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អំពី​ការ​ប្តូរ​ប្រាក់​ ឬ​បន្ថែម​ទឹក​ប្រាក់ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ចំណូល​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ពី​វិស័យ​ទូរគមនាគមន៍។


​សេចក្តី​ណែនាំ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​ប្រកាស​ថា រាល់​ការ​ឃោសនា​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ ត្រូវ​ស្នើសុំ​ជា​មុន​ទៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​នឹង​ពិនិត្យ​សម្រេច​ពាក្យ​ស្នើសុំ​នេះ​យ៉ាង​យូរ​ ១០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ។

 

ក្នុង​ករណី​ពាក្យ​ស្នើសុំ​ពុំ​ច្បាស់​លាស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​នឹង​អញ្ជើញ​តំណាង​ប្រតិបត្តិ​ករ​មក​បំភ្លឺ​បន្ថែម​តាម​ការ​ចាំបាច់។


​លិខិត​នៃ​សេចក្តី​ណែនាំ​បន្ត​ថា ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាម​គ្រប់​រូបភាព (គេហទំព័រ ​បណ្ដាញ​សង្គម ស្លាក​សញ្ញា អំពី​ការ​ប្តូរ​ទឹក​ប្រាក់ ឬ​បន្ថែម​ទឹក​ប្រាក់ ណា​ដែល​មាន​លក្ខណៈ​ភូតកុហក​អតិថិជន និង​/​ឬ​លក់​ក្រោម​ថ្លៃ​ដើម។ ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ត្រូវ​ផ្ញើ​មក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​រៀង​រាល់​ ៦​ខែម្តង ​(ឆមាស​ទី​១ ថ្ងៃ​ទី​៣១​ខែ​មករា និង​ឆមាស​ទី​២ ថ្ងៃ​ទី​៣១​ ខែ​កក្កដា) នៃ​ឆ្នាំ​នីមួយៗ នូវ​ថ្លៃ​ដើម នៅ​ក្នុង​បណ្ដាញ​តែមួយ​របស់​ក្រុមហ៊ុន រួម​មាន ថ្លៃ​ដើម​សម្រាប់​សំឡេង (voice) គិត​ជា​សេន ក្នុង​មួយ​នាទី និង​ថ្លៃ​ដើម សម្រាប់​ការ​ប្រើប្រាស់​ទិន្នន័យ (Data) គិត​ជា​សេន​ក្នុង​មួយ​មេហ្កាបៃ។


​សេចក្តី​ណែនាំ​បញ្ជាក់​ថា៖ «ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ស្រប​តាម​ច្បាប់​ដូច​ជា ហាម​ឃាត់​ការ​នាំ​ចូល​សម្ភារៈ ព្យួរ​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ រហូត​ដល់​អ្នក​កាន់ ឬ​អ្នក​ទទួល​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ទូរគមនាគមន៍»។


​កាល​ពី​​ដើម​សបា្តហ៍​នេះ ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​ ទាំង​ ៦​រួម​មាន Smart, CamGSM, Viettel, Seatel, Xinwei និង Cadcomms បាន​ចូលរួម​ប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ឧស្សាហកម្ម​នេះ ក្នុង​នោះ​ក្រុមហ៊ុន៥​បាន​យល់​ព្រម​ធ្វើ​តាម​កាលបរិច្ឆេទ​កំណត់​ដោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជាដោយ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​កម្មវិធី​ប្តូរ​លុយ ក្នុង​រយៈពេល ៧​ថ្ងៃ។


​លោក អុឹម វុត្ថា អ្នកនាំពាក្យនៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​និយាយ​ថា កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ គឺ​ជា​កិច្ច​ប្រជុំ​បន្ទាន់ ជាមួយ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទខណៈ​យើង​គ្រោង​ធ្វើ​វា​នៅ​ខែ​មីនា ប៉ុន្តែ​ដោយសារ​តែ​យើង​ដឹង​ថា​នេះ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ខ្លី​ និង​បំពាន​ច្បាប់ ដែល​យើង​ឃើញ​ថា​ វា​ស្ថិត​ក្រោម​ថ្លៃ​ដើម​ដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​មិន​មាន​សុខភាព​ល្អ។


​លោក វុត្ថា​ ថ្លែង​ថា៖ «សឹងតែ​គ្រប់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ មាន​ន័យ​ថា ៥​ក្នុង​ចំណោម​ ៦​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ បាន​យល់​ព្រម​ធ្វើតាម​ការ​ណែនាំ​របស់​និយ័ត​ករ ក្នុង​ការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ពេល​ ៧​ថ្ងៃ​ទៀត។ ប៉ុន្តែ​មាន​តែ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​មួយ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ហាក់​បី​ដូច​ជា​មិន​ចង់​ធ្វើ​តាម ប៉ុន្តែ​ពួក​និយាយ​ថា ​នឹង​ពិចារណា ខណៈ​ពួក​គេ​បាន​ចំណាយ​ច្រើន​លើ​ប្រព័ន្ធ​នៃ​ការ​ផ្សព្វផ្សាយ»។ តែ​លោក​ វុត្ថា ​មិន​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ។


​កាល​ពី​ចុង​ខែ​មករាប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​បាន​បង្កើត​កម្មវិធី​ពិសេស​ដូច​ជា​ការ​បន្ថែម​លុយការ​ប្តូរ​លុយនិង​កាដូ​ផ្សេងៗ​ទៀត​ក្នុង​អំឡុង​ពិធីបុណ្យ​នានា​ដើម្បី​បំពេញ​ចិត្ត​អតិថិជន​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ ដៃគូ​ម្ខាង​ទៀត។


​បើ​យោង​តាម​របាយការណ៍​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៦ កម្ពុជា មាន​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចំនួន ៦ អ្នក​ប្រើប្រាស់​ចំនួន​ជាង ១៩,៤៥​លាន​នាក់ដែល​ក្នុង​នោះ៧,៤​លាន​នាក់​បាន​ភ្ជាប់​សេវា​ប្រើប្រាស់​អុីនធឺណិតជាមួយ​នឹង​ក្រុមហ៊ុន​បម្រើ​សេវា​អុីនធឺណិត​ចំនួន​ ៣៣​ក្រុមហ៊ុន៕  

How do you feel about this story?
0%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed