ម៉ៃ​ ទិត្យថារ៉ា Friday, 17 February 2017 581 views

ចៅក្រម​ស៊ើបសួរ​ ​ឃុំ​ខ្លួន​ចៅ​សង្កាត់​គណបក្ស​ប្រឆាំងក្នុង​​សំណុំរឿង​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​

​បន្ទាយមានជ័យ៖(ខ្មែរថាមស៍)ចៅ​ក្រម​ស៊ើបសួរ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ឃុំ​ខ្លួន​បេក្ខជន​ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា បន្ទាប់​ពី​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​ជា​លើក​ទី​៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ តាម​ការ​កោះហៅ ជុំវិញ​សំណុំរឿង​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥។​


​លោក កែ សម្ផស្ស ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ថា តុលាការ​បាន​សម្រេច​​ឃុំ​ខ្លួន​លោក ចៅ វាសនា នៅ​ម៉ោង​១២​ និង​៤០​នាទី បន្ទាប់​ពី​រួប​គាត់​ចូលខ្លួន​បំភ្លឺ​ជា​លើក​ទី​៣​តាម​ដីកាកោះ​របស់​លោក ចៅក្រម​ស៊ើបសួរ ឯក ប៉ូលីហ្វីល ទាក់​នឹង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ដោយ​តុលាការ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋសមគំនិតក្នុង​ការ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា(ស្ថាន​ទម្ងន់​ទោស)និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។


​លោក​បាន​ថ្លែង​ថា៖ «តាម​ពិត​លោក ​វាសនា ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ​នោះ​ក៏​ដោយ។ កាល​នោះ​គាត់​គ្រាន់តែ​ទៅ​ឈរ​មើល​ក្នុង​នាម​ជា​ចៅសង្កាត់​ប៉ុណ្ណោះ»។​


​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ការ​សម្រេច​ឃុំខ្លួន​នេះ គឺ​វា​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នយោបាយ​ច្រើន​ជាង ពីព្រោះ​លោក វាសនា ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព ហើយ​គាត់​ក៏​ជា​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​ចៅសង្កាត់។បើ​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់​ស្តែង​ គឺ​ពុំ​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ឃាត់​ខ្លួន​គាត់​នោះ​ទេ។


លោក​​ថា៖ «ដូច្នេះ​ខាង​គណបក្ស​ផ្សេង​ហ្នឹង អាច​មាន​ការ​ខ្លាច​ចំពោះ បេក្ខភាព​លោក ​វាសនា ក៏​យក​បញ្ហា​ច្បាប់​មក​ដាក់​សំពាធ​ដើម្បី​រារាំង​បេក្ខជន​សំខាន់ៗ​របស់​ប្រឆាំង។ នេះ​បញ្ជាក់​ថា ​សំណុំ​រឿង​នេះ​ជា​ចេតនា​នយោបាយ​ជាជាង​ផ្លូវ​ច្បាប់»។​


​លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បង្ហោះ​នៅ​លើ Facebook ​របស់​លោក​ថា ព្រឹក​មិញ ចៅសង្កាត់​រង មក​ពី​គណបក្ស​សម រង្សុី លោក ចៅ វាសនា ត្រូវ​បាន​តុលាការ​ឃុំខ្លួន។ 


លោក​​ថា៖ «តុលាការ​ស្រុក​ខ្ញុំ ឃុំ​ខ្លួន​មនុស្ស​ស្លូត​ត្រង់ ដូច​ឃុំ​សត្វ»។​


​លោក ឯក ប៉ូលីហ្វីល ចៅក្រម​ស៊ើបសួរ​ខេត្ត​បន្ទាយមានជ័យ ពុំ​អាច​ទំនាក់ទំនង​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​នៅ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ គឺ​តុលាការ​បាន​ចោទ​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ សមគំនិត ក្នុង​ការ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (ស្ថាន​ទម្ងន់​ទោស) និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។


​លោក ស៊ុម ចាន់គា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ការ​សម្រេច​របស់​តុលាការ​ដោយសារ​តែ​យោង​ទៅ​តាម​ឯកសារ​របស់​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងស្រ៊ុន ដែល​ចោទ​ប្រកាន់​លោក វាសនា និង​លោក ឌិន ពុទ្ធី ថា​ ជា​អ្នក​ប្រព្រឹត្ត ​ពេល​នោះ ​គឺ​ពួក​គាត់​នៅ​ឈរ​កន្លែង​ជាមួយ​គ្នា​ទៅ​មើល​ការ​តវ៉ា​របស់​កម្មករ​ក្នុង​នាម​ជា​អាជ្ញាធរ។​


​លោក​ថ្លែង​ថា៖ «សំណុំ​រឿង​នេះ​តុលាការ​គួរតែ​​​ពិនិត្យ​និង​ពិចារណា​ឡើង​វិញ ហេតុ​អ្វី​នៅ​ជាមួយ​គ្នា​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ហើយ​ពេល​នេះ​សមត្ថកិច្ច​មួយ​ចំនួន​បាន​វាយ​ដំ​មក​លើ​ប្រជាជន​មិន​ត្រូវ​បាន​ឃុំ​ខ្លួន»។​


គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​ការ​យក​ពន្ធ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​ខ្ពស់​ហួស​ហេតុ។


ក្នុង​ពេល​បាតុកម្ម​ទាមទារ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ធ្វើ​ឲ្យ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែម្ដង។​


មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ។ អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​កន្លង​ទៅ​រួម​មាន ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា និង​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នោះ​ឡើយ៕  

How do you feel about this story?
0%
Love It!
0%
Shocking
0%
Cool
0%
Worry
0%
Sad
0%
Angry
0%
Annoyed