ការិយាល័យ​ច្រក​ចេញចូល​តែមួយ​​ពង្រីក​ ៦​កន្លែង​ទៀត

ប៉ាវ ស៊ុយ No Comments Share:

ភ្នំពេញ៖ (ខ្មែរថាមស៍) ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​ចំនួន​៦ ​បន្ថែម​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៦ ​នៃ​ខេត្ត​៥ ​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា​ វា​នឹង​ជួយ​ពន្លឿន​ការ​ផ្តល់​សេវា និង​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ​របស់​ប្រជាពលរដ្ឋ។​

​សេចក្តី​សម្រេច​របស់​ក្រសួង​កាល​ពី​ថ្ងៃ​ពុធ​នេះ​បាន​បង្គាប់​ឲ្យ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ​នៅ​ស្រុក​សង្កែនិង​ស្រុក​ថ្មគោល​ នៃ​ខេត្ត​បាត់ដំបង ស្រុក​ស្អាង​ខេត្ត​កណ្តាល ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម និង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។​

​អភិបាល​ស្រុក​ស្អាង លោក ញឹម វណ្ណឌិន បាន​លើក​ឡើង​ថា ការិយាល័យ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​លើ​បរិវេណ​សាលាស្រុក​នឹង​ជួយ​ធ្វើ​ឲ្យ​សេវា​រដ្ឋបាល​របស់​សាលា​ស្រុក​នេះ​កាន់តែ​លឿន និង​ខិត​ជិត​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង។​ ​លោក​​ថា៖ «ការិយាល័យ​នេះ​នឹង​សាងសង់​នៅ​លើ​ទីតាំង​សាលាស្រុក។ ជាមួយ​ការិយាល័យ​នេះ សេវា​កាន់​តែ​ខិតជិត​ប្រជាពលរដ្ឋ ហើយ​មាន​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់»។ ​លោក វណ្ណឌិន បាន​បន្ថែម​ទៀង​ថា​ ការិយាល័យ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ជិត​ ២០​ម៉ឺន​នាក់​នៅ​ក្នុង​ស្រុក​របស់​លោក។​

​តាម​គេហទំព័រ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ សេវា​ប្រភេទ​នេះ​គឺ​ត្រូវ​បាន​ចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៣​ក្នុង​គោល​បំណង​បង្ខិត​សេវា​ជិត​ប្រជាពលរដ្ឋនិង​ដើម្បី​ធានា​ថា​នៅ​តម្លាភាពគណនេយ្យ​ភាពនិង​ប្រសិទ្ធភាព។ហើយ​មក​ទល់​ពេល​នេះ​មាន​ការិយាល័យ​ប្រមាណ​ ៤០​នៅ​ទូទាំង​ប្រទេស។​

ចំណែក​ឯ​អភិបាលស្រុក​សង្កែ លោក គឹម វណ្ណៈ បាន​និយាយ​ថា​ ការ​បង្កើត​សេវា​នេះ​នៅ​ក្នុង​ស្រុក​របស់​លោក​នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន។​

​លោក​​ថា៖ «អ្វី​ដែល​សំខាន់​អំពី​សេវា​នេះ​ គឺ​ថា​ ទី​១​ វា​មាន​តម្លៃ​កំណត់​ច្បាស់​លាស់​ដូច​ដែល​បាន​សរសេរ​នៅ​លើ​ក្តារខៀន​ព័ត៌មាន​នៅ​ទីនោះ ដូច្នេះ​នឹង​មិន​មាន​ការ​បង់​តម្លៃ​សេវា​ក្រៅ​ផ្លូវការ​ឡើយ។ ទី២ ​សេវា​កាន់​តែ​ជិត​ប្រជាពលរដ្ឋ។ និង​ចុង​ក្រោយ​សេវា​រហ័ស»។

​លោកបន្ត​ថា៖ «ការ​បង្កើត​ការិយាល័យ​នេះ​បន្ថែម​គឺ​យក​គំរូ​សាកល្បង​ដំបូង​នៅ​ស្រុក​បាត់ដំបងនិង​ស្រុក​សៀមរាបហើយ​គំរូ​នេះ​ចម្លង​មក​ពី​ប្រទេស​អាល្លឺម៉ង់ និង​អុីតាលី ហើយ​យើង​មើល​ឃើញ​ថា ​ទទួល​បាន​ជោគជ័យនិង​មាន​ការ​គាំទ្រ​ច្រើន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

 ​លោក វណ្ណៈ បាន​បន្ថែម​ទៀត​ថា ការិយាល័យ​នេះ​នឹង​ត្រូវ​សង់​ជិត​សាលាស្រុក ហើយ​នឹង​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទាំង​ប្រមាណ​ជិត​ ២០​ម៉ឺន​នាក់។ 

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​ នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា បាន​សរសេរ​ក្នុង​អុីមែល​ថា​ លោក​ស្វាគមន៍​ចំពោះ​ការ​បង្កើត​នេះ​ ហើយ​លោក​សង្ឃឹម​ថា នឹង​ឃើញ​សេវា​បែប​នេះ​បន្ថែម​ទៀត​នៅ​ពាសពេញ​ប្រទេស។​

​លោក​​ថា៖«យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ពង្រីក​សេវា​ច្រក​ចេញចូល​តែ​មួយ​ដោយ​ក្រសួង​មហាផ្ទៃ។តាមរយៈ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ កន្លង​មក សេវា​ច្រក​ចេញចូល​តែ​មួយ​រក​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។វា​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​យ៉ាង​ច្រើននិង​លើក​កម្ពស់​គណនេយ្យ​ភាពនិង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​មួយ​ចំនួន»។

​លោក​បន្ថែម​ថា៖ «យើង​សង្ឃឹម​ថា ​រដ្ឋាភិបាល​ អាច​បង្កើត​យន្តការ​បែប​នេះ​នៅ​ទូទាំង​ប្រទេស ហើយ​ប្រើប្រាស់​វា​ជំនួស​ឲ្យ​យន្តការ ឬ​បែបបទ​ដែល​អាច​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ការ​រំលោភ​អំណាច»៕  

Previous Article

មេធាវី​ ជួប សំលាប់ គ្រោង​​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​សវនាការថ្ងៃ១មិនា

Next Article

រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​​ច្បាប់​ការងារ​មួយ​ចំនួន​ដើម្បី​ប្រយោជន៍​កម្មករ